Sunday, October 13, 2013

វាលស្រែ វាលស្នេហ៍

                                     វាលស្រែ វាលស្នេហ៍
១ ពេលព្រឹកព្រលឹម    ញញឹមប្រិមប្រិយ         បក្សាបក្សី    ស្រែកយំអឺងកង
ហិចហើរច្រវាត់     ទាំងគូត្រសង       ចេញចាកភូមិផង      ប៉ងរកចំណី។

២ ព្រះអាទិត្យរះ     ប៉ប្រះចុងស្រូវ      សន្សើមយប់ជ្រៅ      សល់នៅថ្មីៗ
រស្មីព្រិចៗ    ដូចពេជ្រចរណៃ      លើវាលស្រូវស្រី     ពេលព្រឹកព្រលឹម។

៣ ក្នុងស្រែទឹកថ្លា   ចាំងឆ្លុះយល់ភក្ត្រ     យល់ស្រស់វរលក្ខ    កំពុងញញឹម
មច្ឆាហែលឆ្លង    ប៉ងក្ដីសង្ឃឹម    ធម្មជាតិព្រលឹម     ប្រលោមស្នេហា។

៤ ឱ!វាលល្វឹងល្វើយ   ដាច់កន្ទុយភ្នែក     សូមអ្នកកុំជ្រែក   ញែកក្ដីមេត្តា
ទឹកស្ទឹងថ្លាយង់   គង់គាប់មច្ឆា    បក្សីបក្សា    គង់គាប់ទ្រនំ។

                                                 ដោយ: ណូត ខេមរិន្ទ (ខ្មែរសូវិននា)
                                                              ១៩ សីហា ២០១៣   



Saturday, October 12, 2013

បទបំពេរលំចង់មាណព

                          បទបំពេរលំចង់មាណព
    និពន្ធដោយ៖ ខ្មែរ សូវិននា
១ ឱ!ណាព្រលឹមអើយស្រាំងៗ                 ឱ!កែវបងអើយ ថ្ងៃចាំងផ្ទៃទឹក (២ដង)
បងក្រោក ឱ!ណាបងក្រោកអើយពីព្រឹក     ឱ!កែវបងអើយ ទៅដកព្រលិត(២ដង)។
២ ឱ!ណាបងអុំអើយទូកទៅ                     ឱ!កែវបងអើយ នឹងពៅវរមិត្រ(២ដង)
ព្រលឹម ឱ!ណាព្រលឹមអើយងងឹត              ឱ!កែវបងអើយ អាណិតស្រស់ស្រី(២ដង)។
៣ ឱ!ណាជំនោរអើយត្រជាក់                   ឱ!កែវបងអើយ​ ញាក់សព្វសរសៃ(២ដង)
ខ្លួនអូន ឱ!ណាខ្លួនអូនអើយជាស្រី             ឱ!កែវបងអើយ ប្ដីសែនអាសូរ(២ដង)។
៤ ឱ!ណាចំរៀងអើយជីវិត                       ឱ!កែវបងអើយ ជិតព្រៃមាត់អូ(២ដង)
អូនខំ ឱ!ណាអូនខំអើយតស៊ូ                    ឱ!កែវបងអើយ ស៊ូទ្រាំនឹងប្ដី(២ដង)។
៥ ឱ!ណាព្រលឹមអើយយូរពេក                 ឱ!កែវបងអើយ អូនដេកអូនភ័យ(២ដង)
ជំនោរ ឱ!ណាជំនោរអើយក្នុងព្រៃ              ឱ!កែវបងអើយ គេងលើផ្ទៃទឹក

បងសែន ឱ!ណាបងសែនអើយអាល័យ     កណ្ដាលជលស័យ ស្រីគេងកើយភ្លៅ។