Friday, December 13, 2013

ជំនោរឦសាន

ដួងចន្ទរៀងរះត្រចះប្រផូរ រីឯវាយោរក៏បក់រំភើយ
នាំក្លិនផ្កាស្រូវរដូវរំហើយ ក្រអូបបង្កើយផាត់ជាប់នាសា។
ជំនោរឦសានចន្ទបានចុងខ្នើត ទេសភាពស្រស់ឆើតអើតអួតកាយា
ស្រមោលយោលយោគបោកដោយវាតា ក្រោមចន្ទភ្លឺថ្លានាពេលរាត្រី។
យប់យន់ស្ងាត់ជ្រៅនៅមានដួងខែ ថ្នាកថ្នមថួនថែដោយដួងរស្មី
ព្រិចៗស្រទន់មានមន្តភក្ដី អមដោយតន្ត្រីធម្មជាតិកំដរ។
ពពករសាត់ផាត់ទៅអន្លាយ មៀមជ្រឹងសប្បាយហិចហើរត្រាចចរ
តន្ត្រីធម្មជាតិប្រគំកំដរ កក្ដិកលំហរជំនោរត្រជាក់។
ឦសានជំនោរគោជ្រូកមាន់ទា ក្របីសេះលារងាញ័រញាក់
កក្ដិកស្រណោះសោះខ្លួនត្រជាក់ ស្រណោះខ្យល់ធ្លាក់យើងអាំងភ្លើងគល់។

               ណូត ខេមរិន្ទ
     និពន្ធថ្ងៃទី ១២ ១២ ២០១៣