Monday, July 29, 2013

ដួងចន្ទដួងចិត្ត



                                       ដួងចន្ទដួងចិត្ត
១ ដួងចន្ទរៀងរះឱភាសស្រទន់                  រៀមបានគយគន់គាប់នឹងដួងចៃ
 រាត្រីត្រជាក់បងទាញយកស្បៃ                   ក្របប្រាណស្រស់ស្រីដោយក្ដីស្នេហ៍ស្និទ្ធ។
២ រស្មីដូងចន្ទចាំងជាប់ចុងស្មៅ                   ចាំងឆ្លុះភក្រ្តពៅរៀមនៅនែបនិត្យ
ក្រសោបឱបថ្នមលួងលោមផ្ដេកផ្ដិត            ស្រស់ស្រីវរមិត្រក្រោមស្បៃរាត្រី។
៣ ពពករសាត់ផាត់ដោយវាតា​​                     ក្រអូបក្លិនផ្កាដូចក្លិនថ្ពាល់ស្រី
ជំនោរបក់បោកខោកដងព្រឹក្សព្រៃ                ហាក់ជួយប្រាប់ស្រីថាបងស្ម័គ្រស្មោះ។


និពន្ធដោយ៖ ណូត ខេមរិន្ទ


ជើងមេឃសម្បថ

ជើងមេឃសម្បថ
​​​​​​​​​​​  (បទពាក្យប្រាំបី)


១ សម្លឹងមើលមេឃសង្វែគអាត្មា         នឹករឿងស្នេហាកន្លងផុតទៅ
រឿងស្នេហ៍អឌិតបងនិងពាលពៅ        ស្នេហ៍ដល់ជម្រៅដិតដាមឱរា។
២ សេកសោមរោមស្រស់ខ្សោះឈាមព្រោះស្នេហ៍ មេឃមីខ្មៅអែពាសអាកាសា
ងងឹតសូន្យឈឹងប្រឺងថ្លែងវាចា            សំណោកអក្ខរាចារឿងឥតន័យ។
៣ ទឹកបឹងនាចស្រកខកចិត្តព្រោះស្នេហ៍  រឿងយើងប្រួលប្រែព្រោះតែរូបស្រី
ម្លប់ឈើមាត់បឹងរំពឹងភក្ដី                    ឥឡូវរឿងថ្មីប្រល័យអ្នកហើយ។
៤ វាលស្មៅខៀវខ្ចីស្ដីសួររកនាង          ស្ងាត់អស់សូរសៀងធ្លាប់ច្រៀងឆ្លងឆ្លើយ
សំនួររាប់លានម្ដេចគ្មានចម្លើយ           ឬអូនភ្លេចហើយឆ្លើយប្រាប់បងផង។
៥ សូមឆ្លើយមួយម៉ាត់មិនដាច់សង្ខារ   ត្រឹមឮវាចាក៏អស់សៅហ្មង
សុំត្រឹមពាក្យពិតម្ដេចអូនក្បត់បង        ក្បត់រឿងកន្លងធ្លាប់ស្មោះភក្ដី។
៦ អក្ខរាខូចចិត្តផ្ដិតជូនរឿងពិត          ឱ!គូជីវិតម្ដេចអូនប្រែថ្មី
សម្បថអក្ខរាចាដោយមាត់ស្រី             ឥឡូវសម្ដីឆ្ងាយស្មើជើងមេឃ៕

និពន្ធដោយ៖ ណូត ខេមរិន្ទ
១៤­-០១-២០១៣                                                   

Saturday, July 27, 2013

សម្រស់ធម្មជាតិ

​​​​​សម្រស់ធម្មជាតិ
១​ ស្រុកខ្មែរស្នេហ៍ស្នង នួនល្អងគយគន់
ស្រស់ស្រីល្វតល្វន់ គន់មើលធម្មជាតិ
វាលវែងអន្លាយ រៀងរាយព្រោងព្រៀត
រុក្ខាដុះជ្រៀត ដងផ្លូវបំព្រង។
២​ ភ្នំពណ៌បៃតង ដងព្រែកខៀវខ្ចី
ប្រៀបបានភក្ត្រស្រី ភក្ដីទងវង
ធម្មជាតិស្រុកខ្មែរ ដូចស្នេហ៍មានបង
រីករាយកន្លង បំណងជួបជួន។



កម្ពុជាដែនដីសុវណ្ណភូមិ


ប្រទេសកម្ពុជាជាដែនដីសុវណ្ណភូមិពោពេញទៅធម្មជាតិស្រស់ស្អាត។ គ្រប់ទីកន្លែង នៅពេល
ព្រះសូរិយារៀបអស្ដង្គត យើងនឹងឃើញទេសភាពដ៏ស្រស់ត្រកាល ដែលស្រោបរស្មីពណ៌ 
មាសនៃឱភាសដួងទិនករទៀតនោះ ធ្វើឲ្យយើងមិនអាចនឹងបំភ្លេច ឬថាមិនចង់គយគន់នោះ
ឡើយ។ មួយវិញទៀត ទេសភាពនៃដែនដីមួយនេះកាលណាបើយើងឃ្លាតឆ្ងាយភូមិស្រុក
ទៅរស់នៅឯនាយឆ្ងាយ នោះយើងនឹកស្រណោះអាឡោះ អាល័យដល់ស្រុកកំណើតរបស់
ខ្លួនជាក់ជាមិនខាន ជាពិសេសទៀតនោះគឺពេលផ្ទៃមេឃដ៏ស្រទំរកបង្អុរព្រះភិរុណតែម្ដង ។ 

កម្ពុជា ដែនដីជាទីមោទនៈនៃខ្ញុំ 

ស្រុកកោះធំ ខេត្តកណ្ដាល
ថ្ងៃសៅរ៍ ទី២៧ កក្កដា ២០១៣

ណូត ខេមរិម្ទ (ខ្មែរ សូវិននា)