Friday, December 13, 2013

ជំនោរឦសាន

ដួងចន្ទរៀងរះត្រចះប្រផូរ រីឯវាយោរក៏បក់រំភើយ
នាំក្លិនផ្កាស្រូវរដូវរំហើយ ក្រអូបបង្កើយផាត់ជាប់នាសា។
ជំនោរឦសានចន្ទបានចុងខ្នើត ទេសភាពស្រស់ឆើតអើតអួតកាយា
ស្រមោលយោលយោគបោកដោយវាតា ក្រោមចន្ទភ្លឺថ្លានាពេលរាត្រី។
យប់យន់ស្ងាត់ជ្រៅនៅមានដួងខែ ថ្នាកថ្នមថួនថែដោយដួងរស្មី
ព្រិចៗស្រទន់មានមន្តភក្ដី អមដោយតន្ត្រីធម្មជាតិកំដរ។
ពពករសាត់ផាត់ទៅអន្លាយ មៀមជ្រឹងសប្បាយហិចហើរត្រាចចរ
តន្ត្រីធម្មជាតិប្រគំកំដរ កក្ដិកលំហរជំនោរត្រជាក់។
ឦសានជំនោរគោជ្រូកមាន់ទា ក្របីសេះលារងាញ័រញាក់
កក្ដិកស្រណោះសោះខ្លួនត្រជាក់ ស្រណោះខ្យល់ធ្លាក់យើងអាំងភ្លើងគល់។

               ណូត ខេមរិន្ទ
     និពន្ធថ្ងៃទី ១២ ១២ ២០១៣

Friday, November 29, 2013

ផ្ទះខ្ញុំ

                        
មើលន៎ផ្ទះខ្ញុំ                 គឺជាផ្ទះខ្ទម                   អមដោយវាលស្រែ
ដំបូលប្រក់ស្លឹក            តែគួរស្និទ្ធស្នេហ៍           សង់អែបជាប់ក្បែរ
                                    មាត់ទឹកស្ទឹងថ្លា។
មើលន៎ផ្ទះខ្ញុំ                 ទេសភាពជិតជុំ            ផ្ដុំដោយរុក្ខា
ស្មៅពណ៌បៃតង           ដុះជ្រោងត្រៀតត្រា      បក្សីបក្សា
                                    ហិចហើរត្រសង។
មើលន៎ផ្ទះខ្ញុំ                 បែរទិសបូព៌ចំ               សមផ្លូវធំផង
តូចតែស្រស់ឆើត         គាប់ភ្នែកអ្នកផង           ទៅមកតែងប៉ង
                                    ចូលមករាក់ទាក់។
ផ្ទះខ្ញុំទូលាយ                ទីធ្លាលាតឆ្ងាយ            ឥតមានទើសទាក់
មានត្នោតរាប់ដើម        ម្លប់ក៏ត្រជាក់                 ខ្ញុំតែងសំរាក់
                                    ក្រោមដើមត្នោតលៃ។
ផ្ទះខ្ញុំសប្បាយ               គ្រួសាររីករាយ             ផុតទុក្ខគ្រោះភ័យ
រស់នៅសុខសាន្ដ         មានសិទ្ធិសេរី               ក្រោមព្រះបារមី
                                    ព្រះមានគុណអើយ។

                      ព្រៃឈរថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២

                                   ខ្មែរ សូវិននា

Thursday, November 28, 2013

ផ្ការោយលម្អង

»​ថ្លែងពីបុប្ផាមួយកំសត់              ដុះទីជនបទស្រែចម្ការ
រូបឆោមស្រស់ឆើតសមកាយា     ជាទ្រព្យនៃផ្កាប្រាថ្នាប៉ង។
»ផ្កាមានវាសនារស់ទីក្រុង          ចិត្តកាយឆោមយង់ខំបន់ផ្សង
ក្រេបយកវិជ្ជាដែលត្រចង់           ជាស្ពាន់ចម្លងភពល្ងង់ខ្លៅ។
»មិនគួរបុស្បាប្រែអភ័ព្វ              ​ជួបកម្មឥតគាប់ស្រស់ឆោមឆ្លៅ
លង់ក្នុងឧបាយគ្រូចិត្តខ្មៅ           គ្រូចិត្តឃោឃៅគ្មានសមាចារ ។
»ប្រើល្បិចគ្រប់ស្នៀតឲ្យស្រីលង់  ជឿជាក់ផុងស្លុងលង់កាមា
រុះរោយលម្អងបង់អសារ              មេឃាភ្លឺថ្លាប្រែជាងងឹត។
»ចិត្តធ្លាប់ស្រឡាញ់ប្រែជាស្អប់     ទ្រូងញ័រចំប្រប់ហួសលែងគិត
តាមក្ដៅនឹងចិត្តដែលងងឹត           ប្រហារជាក់ពិតឲ្យមរណា។
»តែទ្រាំអត់ធ្មត់គិតថាកម្ម            ​ ស៊ូរស់រងចាំថ្ងៃមរណា
ល្បែងស្នេហ៍ជាតិនេះនាងសោកា ទុកជាខ្លឹមសារនៃជីវិត។
»ចុងក្រោយសូមផ្ដាំអស់មិត្តញាតិ   និងស្រីឯទៀតគួរវៃគិត
កុំល្ងង់ចាញ់កលគ្រូអមិត្ត             បើសិនជួបពិតដូងរឿងខ្ញុំ។


សមាចារ «អភិសមាចារ»​ មានន័យថា៖

  • សមាចារ ( ន. ) [សៈម៉ាចា]   ( សំ., បា. )(< សំ “ប្រពៃ, ត្រឹម​ត្រូវ”, ំ > ម + អាចារ “មារយាទ”) មារយាទ​ល្អ, មារយាទ​ត្រឹម​ត្រូវ, រៀប​រយ; មាន ៣ យ៉ាង​គឺ មារយាទ​រៀប​រយ​ខាង​កាយ, វាចា, ចិត្ត ហៅ កាយ​សមាចារ, វចី​សមាចារ, មនោ​សមាចារ ។ 
  • អភិ ( និ. ) [អៈភិ]   ( សំ., បា. )និបាត​សព្ទ​ឬ​ឧបសគ្គ​សព្ទ​សម្រាប់​ប្រើ​ជា​បុព្វបទ រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ មាន​សេចក្ដី​ថា “ក្រៃ, ក្រៃលែង, ក្រៃ​ពេក, ពេក​ក្រៃ; ណាស់; លើសលែង; ឆ្ពោះ, ចំពោះ, ឆ្ពោះ​ត្រង់; សង្កត់; គ្រប​ពី​លើ;...”; ឬ​កាល​បើ​រៀង​ភ្ជាប់​ជាមួយ​នឹង​សព្ទ​ណា អាច​បង្វែរ​សព្ទ​នោះ​ឲ្យ​ងាក​សេចក្ដី​ប្លែក​ពី​ប្រក្រតី​ដើម​ក៏​មាន ដូច​ជា ភូ “កើត; មាន”, អភិ-ភូ “គ្រប​សង្កត់” ជាដើម ។ 

ជូនពរអ្នកម៉ែ


ប្រពន្ធ

កំណែរ៖ ពាក្យថា« ប្រពន្ធជាកំសាន្ដ» ទៅជា«ប្រពន្ធទីកំសាន្ដ» គឺសំដៅលើការរីករាយជួបជុំជា
មួយគ្រួសារ គ្រប់ពេលវេលា នៅពេលដែលមានទុក្ខរបស់ប្ដី នោះប្រពន្ធមានតួនាទីលួងលោមប្ដី
ឲ្យបានធូរស្រាល។

ជូនពរថ្ងៃចូលឆ្នាំថ្មី


ថ្វីមាត់កវីស្នាដៃវិចិត្រករ