Thursday, November 28, 2013

ផ្ការោយលម្អង

»​ថ្លែងពីបុប្ផាមួយកំសត់              ដុះទីជនបទស្រែចម្ការ
រូបឆោមស្រស់ឆើតសមកាយា     ជាទ្រព្យនៃផ្កាប្រាថ្នាប៉ង។
»ផ្កាមានវាសនារស់ទីក្រុង          ចិត្តកាយឆោមយង់ខំបន់ផ្សង
ក្រេបយកវិជ្ជាដែលត្រចង់           ជាស្ពាន់ចម្លងភពល្ងង់ខ្លៅ។
»មិនគួរបុស្បាប្រែអភ័ព្វ              ​ជួបកម្មឥតគាប់ស្រស់ឆោមឆ្លៅ
លង់ក្នុងឧបាយគ្រូចិត្តខ្មៅ           គ្រូចិត្តឃោឃៅគ្មានសមាចារ ។
»ប្រើល្បិចគ្រប់ស្នៀតឲ្យស្រីលង់  ជឿជាក់ផុងស្លុងលង់កាមា
រុះរោយលម្អងបង់អសារ              មេឃាភ្លឺថ្លាប្រែជាងងឹត។
»ចិត្តធ្លាប់ស្រឡាញ់ប្រែជាស្អប់     ទ្រូងញ័រចំប្រប់ហួសលែងគិត
តាមក្ដៅនឹងចិត្តដែលងងឹត           ប្រហារជាក់ពិតឲ្យមរណា។
»តែទ្រាំអត់ធ្មត់គិតថាកម្ម            ​ ស៊ូរស់រងចាំថ្ងៃមរណា
ល្បែងស្នេហ៍ជាតិនេះនាងសោកា ទុកជាខ្លឹមសារនៃជីវិត។
»ចុងក្រោយសូមផ្ដាំអស់មិត្តញាតិ   និងស្រីឯទៀតគួរវៃគិត
កុំល្ងង់ចាញ់កលគ្រូអមិត្ត             បើសិនជួបពិតដូងរឿងខ្ញុំ។


សមាចារ «អភិសមាចារ»​ មានន័យថា៖

  • សមាចារ ( ន. ) [សៈម៉ាចា]   ( សំ., បា. )(< សំ “ប្រពៃ, ត្រឹម​ត្រូវ”, ំ > ម + អាចារ “មារយាទ”) មារយាទ​ល្អ, មារយាទ​ត្រឹម​ត្រូវ, រៀប​រយ; មាន ៣ យ៉ាង​គឺ មារយាទ​រៀប​រយ​ខាង​កាយ, វាចា, ចិត្ត ហៅ កាយ​សមាចារ, វចី​សមាចារ, មនោ​សមាចារ ។ 
  • អភិ ( និ. ) [អៈភិ]   ( សំ., បា. )និបាត​សព្ទ​ឬ​ឧបសគ្គ​សព្ទ​សម្រាប់​ប្រើ​ជា​បុព្វបទ រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ មាន​សេចក្ដី​ថា “ក្រៃ, ក្រៃលែង, ក្រៃ​ពេក, ពេក​ក្រៃ; ណាស់; លើសលែង; ឆ្ពោះ, ចំពោះ, ឆ្ពោះ​ត្រង់; សង្កត់; គ្រប​ពី​លើ;...”; ឬ​កាល​បើ​រៀង​ភ្ជាប់​ជាមួយ​នឹង​សព្ទ​ណា អាច​បង្វែរ​សព្ទ​នោះ​ឲ្យ​ងាក​សេចក្ដី​ប្លែក​ពី​ប្រក្រតី​ដើម​ក៏​មាន ដូច​ជា ភូ “កើត; មាន”, អភិ-ភូ “គ្រប​សង្កត់” ជាដើម ។ 

No comments:

Post a Comment